
ម៉េចបានជាស្ត្រីមានផ្ទៃពោះនោមញឹកជាងស្ត្រីមិនមានផ្ទៃពោះ?
អាការៈនោមញឹកគឺឧស្សាហ៍កើតមានលើស្ត្រីមានផ្ទៃពោះចាប់ពីសប្តាហ៍ទីប្រាំមួយរហូតដល់សប្តាហ៍ទី១២ វាពិតជាគួរអោយមានអារម្មណ៍រអៀសខ្លួននិងខ្មាស់គេណាស់ប៉ុន្តែវាមិនមានគ្រោះថ្នាក់អ្វីដែលគួរអោយយើងបារម្ភទេ។
មូលហេតុភាគច្រើនដែលធ្វើអោយស្ត្រីមានផ្ទៃពោះត្រីមាសដំបូងមានអាការៈនោមញឹកអាចបណ្តាលមកពី៖
- ការកើនឡើងរបស់អ័រម៉ូន hCG “ជាប្រភេទអ័រម៉ូនដែលមានកំរិតខ្ពស់នៅក្នុងអំឡុងពេលមានផ្ទៃពោះ” ឧបករណ៍ពិនិត្យទឹកនោមមើលផ្ទៃពោះអាចមានលក្ខណៈច្បាស់លាស់ឬមិនច្បាស់លាស់គឺអាស្រ័យទៅនិងអ័រម៉ូន hCG នេះឯង
- កើនឡើងសំពាធរបស់តួស្បូនសង្កត់លើប្លោកនោមដែលបណ្តាលមកពីការលូតលាស់និងធំធាត់របស់ទារកក្នុងផ្ទៃ
- ទទួលទានទឹកច្រើនលើសបរិមាណដែលសរីរាង្គមានតំរូវការ
- ប្រឈមជាមួយនិងជំងឺរលាកប្លោកនោម បំពង់បង្ហូរនោម ឬតំរង់នោមជាដើម

ការពិគ្រោះព្យាបាលជាមួយវេជ្ជបណ្ឌិតដែលមានជំនាញគឺជាការចាំបាច់ ប៉ុន្តែទន្ទឹមនិងនេះស្ត្រីក៍អាចព្យាយាមសាកល្បងដោយខ្លួនឯងជាមួយនិងវិធីសាស្ត្រងាយៗមួយចំនួនដូចជា៖
- ព្យាយាមបន្ទោរបង់អោយអស់តាមដែលអាចធ្វើទៅបានក្នុងពេលបន្ទោរបង់ម្តងៗ
- ជៀសវាងការទទួលទានចំណីអាហារទាំងឡាយណាដែលមានសារជាតិបញ្ចុះទឹកនោមដែលមានដូចជា “តែ កាហ្វេ ឬភេសជ្ជៈដែលមានជាតិអាកុលជាដើម”
- កាត់បន្ថយការទទួលទានទឹកច្រើនមុនពេលចូលដំណេក
សំគាល់៖ ដើម្បីសុវត្ថិភាពស្ត្រីស្ថិតក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីតាមដានពិនិត្យនិងព្យាបាលជាមួយគ្រូពេទ្យជំនាញអោយបានទៀងទាត់