ផលប៉ះពាល់នៃការរស់នៅក្នុងបរិស្ថានអ្នកជក់បារីស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះ

ជារៀងរាល់ឆ្នាំបារីបានបំផ្លាញសុខភាពមនុស្សរាប់លាននាក់នៅលើពិភពលោក ជាពិសេសក្រុមមនុស្សដែលប្រឈមនិងហានិភ័យខ្ពស់ដូចជា៖ ក្រុមមនុស្សដែលមានវ័យចំណាស់ ស្ត្រីមានផ្ទៃពោះ កុមារ និងជំងឺរ៉ាំរ៉ៃដូចជាលើសឈាម ទឹកនោមផ្អែមនិងជំងឺហឺតជាដើម។ ការពិសាបារីត្រូវបានហាមប្រាមនិងណែនាំអោយបញ្ឈប់ចំពោះស្ត្រីមានផ្ទៃពោះដើម្បីជៀសវាងនិងកាត់បន្ថយហានិភ័យដែលអាចកើតឡើងចំពោះសុខភាពរបស់ម្តាយនិងការលូតលាស់របស់ទារក។

បើអ្នកមិនពិសាបារីក្នុងអំលុងពេលមានផ្ទៃពោះគឺមានសុវត្ថិភាពហើយឬ?

យោងទៅលើការសិក្សាមួយចំនួន ការមិនពិសាបារីក្នុងអំលុងពេលមានផ្ទៃពោះតែមួយមុខមិនគ្រប់គ្រាន់ទេព្រោះសុខភាពរបស់ស្ត្រីនៅតែបន្តប្រឈមជាមួយនិងគ្រោះថ្នាក់របស់ផ្សែងបារីប្រសិនជាស្ត្រីមានផ្ទៃពោះស្ថិតនៅក្នុងបរិវេណដែលមានផ្សែងបារី ឬបរិវេណដែលមានអ្នកពិសារបារី។​ ឧទាហរណ៍៖ ស្វាមី បងប្អូន ឪពុកម្តាយ ឬមិត្តភក្តិពិសាបារី។

ជាមធ្យមនៅក្នុងបារីមួយដើមមានសារជាតិគីមីច្រើនជាង ៤០០០ប្រភេទដែលមានផលរំខាននិងប៉ះពាល់យ៉ាងខ្លាំងទៅលើសុខភាពរបស់ស្ត្រីនិងទារកនៅក្នុងផ្ទៃ ជាលទ្ធផលស្ត្រីដែលប្រឈមនិងផ្សែងបារីក្នុងអំលុងពេលមានផ្ទៃពោះអាចបណ្តាលអោយមានផលរំខាននិងប៉ះពាល់ដល់សុខភាពនិងការលូតលាស់របស់ទារកដូចជា៖

  • ទារកកើតមុនកំណត់
  • ទារករលូត
  • ទារកកើតមិនគ្រប់គីឡូ
  • ទារកខ្សោយប្រាជ្ញា
  • ទារកស្លាប់ក្រោយពេលសម្រាលជាដើម
  • ទារកមានសុខភាពខ្សោយ ងាយនិងទទួលជំងឺឆ្លងផ្សេងៗ

តើស្ត្រីមានផ្ទៃពោះដែលមិនបានប៉ះពាល់ដោយផ្ទាល់ជាមួយនិងផ្សែងបារី មានសុវត្ថិភាពឬទេ?

ទោះបីជាស្ត្រីមានផ្ទៃពោះមិនបានទទួលរងនូវផលប៉ះពាល់ដោយផ្ទាល់ជាមួយនិងផ្សែងបារីក៍ដោយ ក៍ស្ត្រីមានផ្ទៃពោះនិងទារកនៅក្នុងផ្ទៃនៅតែស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ដែលបណ្តាលមកពីសារជាតិគីមីរបស់ផ្សែងបារីដែលបន្សល់នៅក្នុងបរិវេណដែលមានមនុស្សធ្លាប់ពិសាបារី ដោយសារជាតិគីមីទាំងអស់នោះអាចនៅបន្សល់តាមសម្ភារៈឬឧបករណ៍មួយចំនួនដូចជា សាឡុង កំរាលព្រំ ឬកំរាលទ្រាប់ជើង នៅលើតុ កៅអីជាដើម។ល។ សារជាតិគីមីពុលដែលបន្សល់ក្រោយពីផ្សែងបារីទាំងនោះអាចបន្តជាប់ជាមួយនិងសម្ភារៈទាំងអស់នោះរហូតដល់រាប់ខែ ឬរាប់ឆ្នាំប្រសិនមិនមានការសំអាតបានត្រឹមត្រូវនោះទេ។ សារជាតិគីមីពុលទាំងអស់នោះអាចជ្រាបចូលទៅក្នុងប្រពន្ធ័ឈាមរបស់ម្តាយនិងបន្តចូលទៅកាន់ទារកនៅក្នុងផ្ទៃក្រោយពេលមានការប៉ះពាល់ដោយផ្ទាល់ទៅលើជាតិគីមីពុលដែលបន្សល់ដោយផ្សែងបារីទាំងនោះ។

ដើម្បីសុខភាពនិងសុវត្ថិភាពរបស់ទារកនៅក្នុងផ្ទៃ សូមជៀសវាងអោយឆ្ងាយពីបរិវេណដែលមានអ្នកពិសាបារីនិងរក្សាអនាម័យអោយបានខ្ជាប់ខ្ជួន។

សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដានពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់

 

 

Related post