វិធីសាស្ត្រថែទាំទារកក្រោយសំរាលដែលស្ត្រីគួរយកចិត្តទុកដាក់

ការងូតទឹក

ការងូតទឹកសំអាតកាយរបស់ទារកគឺជាពេលវេលាដែលទារកនិងអ្នកម្តាយកសាងទំនាង់ទំនងជាមួយគ្នា ការងូតទឹកសំអាតកាយរបស់ទារកគួធ្វើប្រហែលជា២ដងទៅ៣ដងក្នុងមួយថ្ងៃ។ ចូរងូតទឹកសំអាតកាយរបស់ទារកជាមួយនិងទឹកក្តៅអ៊ុនៗនៅក្នុងកន្លែងដែលមានសីតុណ្ហភាពក្តៅសមល្មម ជាមួយនិងសាប៊ូដែលមានការទទួលស្គាល់សំរាប់ប្រើប្រាស់ជាមួយទារក និងជៀសវាងប្រើប្រាស់សាប៊ូសំអាតលើផ្ទៃមុខ និងភ្នែករបស់ទារក ចូរប្រើប្រាស់កន្សែង២សំរាប់ទារក “មួយសំរាប់ជូតសំអាត និងមួយទៀតសំរាប់រុំទារកក្រោយពេលងូត”

ការថែរក្សាផ្ចិតរបស់ទារក

ជាធម្មតាទងផ្ចិតរបស់ទារកគឺជ្រុះក្នុងរយៈពេល២១ថ្ងៃ​ វាមានសារៈសំខាន់ណាស់ក្នុងការថែរក្សាតំបន់ទងផ្ចិតទារកអោយបានស្អាត “មានអនាម័យ” ចូរសំអាតដោយថ្នមៗនៅជុំវិញបរិវេណទងផ្ចិតនិងរក្សាតំបន់ទងផ្ចិតអោយមានខ្យល់ចេញចូល​ “ចំហរ”បានល្អ ជៀសវាងរុញ ឬទាញទងផ្ចិតរបស់ទារក មានពេលខ្លះយើងសង្កេតឃើញមានឈាមបន្តិចបន្តួចនៅបរិវេណតំបន់នោះផងដែរ “ព្រោះទងផ្ចិតនិងផ្ចិតរបស់ទារកមិនមែនជាសាច់តែមួយ” ត្រូវតាមដានអង្កេតដោយយកចិត្តទុកដាក់ទៅលើទងផ្ចិតរបស់ទារក ប្រសិនបើអ្នកសង្កេតឃើញថាមានភាពមិនប្រក្រតី “មានការចម្លងរោគ”ដូចជាមានពណ៌ក្រហមឬមានអ្វីមួយដែលខុសធម្មតា ចូរពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញដែលនៅក្បែរអ្នក។

ការថែរក្សាបឋម

ក្រចក៖ក្រចកដែរបស់ទារកមានលក្ខណៈមុតនិងលូតលាស់ឆាប់រហ័ស ជៀសវាងកាត់ក្រចករបស់ទារកព្រោះស្បែករបស់ទារកដែលនៅក្រោមក្រចកគឺដុះដំណាលនិងគ្នា “ចូរសំអាត និងខាត់ក្រចកនៅពេលទារកគេង”

ស្បែក៖ស្បែករបស់ទារកមានលក្ខណស្តើងនិងខ្ចី នៅក្នុងវ័យនេះស្បែករបស់ទារកមិនត្រូវការប្រេង ឬ​ ឡូសិនជំនួយអ្វីទេ ចំពោះការសំអាត ចូរប្រើប្រាស់ផលិតផលសំរាប់ទារកដែលមិនមានសារធាតុសាប៊ូរ ឬ ក្លិន។ មានទារកខ្លះមានស្នាមជាំ ឬស្នាមអុចៗនៅលើស្បែករបស់ពួកគេប៉ុន្តែសូមកុំបារម្ភ បញ្ហាទាំងនេះនិងបាត់ទៅវិញដោយឯកឯងក្នុងរយៈពេលបន្ទាប់ដោយមិនតំរូវអោយធ្វើការព្យាបាលអ្វីទេ

 

លឿង៖ជំងឺលឿងគឺបណ្តាលមកពីទឹកប្រម៉ាត់ ជាទូទៅយើងអាចសង្កេតឃើញក្នុងរយៈពេលពី៣ថ្ងៃទៅ៧ថ្ងៃក្រោយពេលទារកសម្រាល ជំងឺនេះច្រើនតែបង្ហាញដំបូងនៅលើផ្ទៃមុខ ឈានទៅដងខ្លួន និង បន្តទៅដៃនិងជើងរបស់ទារក ក្នុងករណីស្រាលវានិងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល1សប្តាហ៍ទៅ2សប្តាហ៍ ប្រសិនជាធ្ងន់ធ្ងរគឺតំរូវអោយធ្វើការព្យាបាល “ការព្យាបាលដោយវិធីងាយៗ ដូចជាដាក់ទារកអោយត្រូវពន្លឺថ្ងៃ” សំរាប់ប្រទេសកម្ពុជាយើង ពន្លឺថ្ងៃដែលល្អបំផុតគឺនៅពេលព្រឹកចន្លោះម៉ោង6ទៅម៉ោង7។ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញជាបន្ទាន់ប្រសិនជារោគសញ្ញខាងលើមិនបានធូស្រាលនិងមានសញ្ញាបន្ថែមមួយចំនួនដូចជា ខ្លួនប្រាណរបស់ទារកលឿងរួមទាំងប្រស្រីភ្នែក ទារកបៅតិច និង​ទារកដេកមិនចង់ក្រោក

 

ស្វែងរកការពិគ្រោះយោបល់និងព្យាបាលជាបន្ទាន់ប្រសិនទារកមានសញ្ញាដូចខាងក្រោម

  • ទារកមានសីតុណ្ហភាពចន្លោះ 36 ទៅ38 អង្សាសេ
  • ក្អួតចង្អោរជាញឹកញាប់ “អាចមានពណ៌បៃតង ឬ ក្រហម ឬផ្សេងៗទៀត”
  • បៅតិចតួច ឬមិនចង់បៅ
  • គ្មានកំលាំង ឬដេកសន្លឹម
  • រាគរូស “លាមកមានសំបោរ ឈាម ក្លិនឆ្អាប”
  • លាមកមានជាតិទឹកច្រើន
  • នោមតិចជាង៦ដងទៅ៨ដងក្នុងរយៈពេល២៤ម៉ោង
  • ទល់លាមក “លាមកមានសភាពរឹង” ឬមិនជុះចាប់ពី៣ថ្ងៃទៅ៤ថ្ងៃ
  • ស្រែកយំខ្លាំងៗនិងខុសធម្មតាដោយគ្មានមូលហេតុ
  • មានស្នាមក្រហម ឬមានក្លិនមិនល្អនៅបរិវេណតំបន់ទងផ្ចិត
  • មានស្នាមក្រហម ឬខៀវ ឬខ្មៅ ឬមានឈាមនៅបរិវេណប្រដាប់បន្តពូជ “សំរាប់ទារកភេទប្រុស”
  • ទារកដកដង្ហើមតិច ឬដកដង្ហើមញាប់ “រាងកាយរបស់ទារកច្រើនមានពណ៌ស្វាយឬស្រអាប់”

 

សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគូរគាប្បីធ្វើការពិនិត្យតាមដានពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់

 

Related post