សញ្ញានិងកត្តាដែលនាំអោយស្ត្រីប្រឈមនិងកូនក្រៅស្បូន

ស្បូនគឺជាផ្នែកមួយនៃសរីរាង្គបន្តពូជរបស់ស្ត្រីដែលមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សានិងជួយដល់ការលូតលាស់របស់ទារកនៅក្នុងផ្ទៃមុនពេលសំរាល។ មានដំណាក់កាលលូតលាស់ជាច្រើនដែលទារកត្រូវឆ្លងកាត់ចាប់តាំងពីពេលដែលមេជីវិតឈ្មោលរបស់បុរសបានជួបជាមួយនិងមេជីវិតញីរបស់ស្ត្រីនិងបន្តការលូតលាស់រហូតដល់ពេលសំរាល នៅក្នុងនោះយើងឃើញមានដំណាក់កាលដំបូងមួយដែលមានសារៈសំខាន់និងចាំបាច់ដើម្បីអោយទារកអាចបន្តលូតលាស់ប្រកបដោយលក្ខណៈពេញលេញ នោះគឺដំណាក់កាលចាក់សំបុក។

នៅក្នុងដំណាក់កាលចាក់សំបុកនេះ ស៊ុតដែលបានបង្កកំណើតរួមគ្នារវាងមេជីវិតឈ្មោលនិងមេជីវិតញីរួចហើយនោះនិងបន្តធ្វើដំណើរទៅកាន់តួស្បូនដែលជាកន្លែងសំរាប់ធ្វើការចាក់សំបុកនិងរីកលូតលាស់ ក៍ប៉ុន្តែមិនមែនរាល់ស៊ុតទាំងអស់សុទ្ធតែអាចធ្វើដំណើទៅដល់តួស្បូនដោយសុវត្ថិភាពទាំងអស់នោះទេ មានស្ត្រីមួយចំនួន “ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី 50នាក់” ប្រឈមនិងវិបត្តិដោយការធ្វើដំណើរបស់ស៊ុតមិនអាចមកដល់ក្នុងបរិវេណតួស្បូនប្រកបដោយសុវត្ថិភាពដែលជាលទ្ធផលបណ្តាលអោយស្ត្រីជាមម្តាយប្រឈមនិងហានិភ័យម៉្យាងដែលយើងហៅថា “កូនក្រៅស្បូន”

 

តើអ្វីទៅដែលគេហៅថាកូនក្រៅស្បូន?

កូនក្រៅស្បូនគឺជាការវិវត្តន៍របស់ស៊ុតដែលបានបង្កកំណើតរួចហើយធ្វើការលូតលាស់នៅខាងក្រៅតួស្បូន កូនក្រៅស្បូនអាចនិងបណ្តាលអោយប៉ះពាល់ដល់សុខភាពនិងអាយុជីវិតស្ត្រីជាម្តាយ ឬមានផលវិបាកចំពោះសុខភាព​ និងការមានកូនទៅថ្ងៃអនាគត​ ប្រសិនជាមិនបានទទួលការពិនិត្យតាមដាននិងព្យាបាលបានទាន់ពេលវេលា

 

កត្តាដែលបណ្តាលអោយមាន កូនក្រៅស្បូន

រាល់ស្ត្រីដែលស្ថិតនៅក្នុងវ័យបន្តពូជគឺអាចប្រឈមនិងកូនក្រៅស្បូនដូចគ្នា កត្តាដែលអាចបណ្តាលអោយមានបញ្ហាកូនក្រៅស្បូនមានដូចជា៖

  • ស្ត្រីមានផ្ទៃពោះអាយុលើសពី35ឆ្នាំ
  • ស្ត្រីមានប្រវត្តិធ្លាប់វះកាត់បរិវេណពោះ ត្រគាក ធ្លាប់រលូត ឬរំលូតជាច្រើនដងស្ត្រីមានជំងឺរលាកឆ្អឹងត្រគាក
  • ស្ត្រីមានប្រវត្តិសាច់ដុះនៅក្នុងស្បូន

  • ស្ត្រីដែលមានផ្ទៃពោះក្នុងអំលុងពេលកំពុងប្រើប្រាស់វិធីពន្យាកំណើតដូចជាកងដាក់នៅក្នុងស្បូន
  • ស្ត្រីដែលមានផ្ទៃពោះតាមរយៈការបង្កកំណើតសិប្បនិមិត្ត
  • ស្ត្រីធ្លាប់មានប្រវត្តិកូននៅក្រៅស្បូន
  • ស្ត្រីធ្លាប់មានប្រវត្តិជំងឺកាមរោគ
  • ស្ត្រីមានបញ្ហាដៃស្បូន ឬស្បូនមិនប្រក្រតីពីកំណើត
  • ស្ត្រីដែលពិសាបារី សុរាឬជាតិអាកុលច្រើន

 

តើកូននៅក្រៅស្បូនមានសញ្ញាសំគាល់ដូចម្តេចខ្លះ?

ក្អួតចង្អោរ និង ស្រៀវសុដន់គឺជារោគសញ្ញាដែលឧស្សាហ៍កើតមានចំពោះស្ត្រីដែលមានកូននៅក្រៅស្បូន ក្រៅពីសញ្ញាទាំងពីខាងលើនេះក៍មានសញ្ញាមួយចំនួនផ្សេងៗទៀតដែលយើងគួរតែកត់សំគាល់ផងដែរដូចជា៖

  • មានអាការៈឈឺចាប់អូចៗបរិវេណពោះ ស្មា ឆ្អឹងស្លាបប្រជៀវ និង បរិវេណកញ្ចឹងកជាដើម
  • មានការឈឺចាប់ខ្លាំងផ្នែកម្ខាងនៃបរិវេណពោះ

  • មានការធ្លាក់ឈាមពីតិចទៅច្រើនតាមទ្វារមាស
  • មានអាការៈវិលមុខ និង អស់កំលាំង
  • មានអាការៈណែនបរិវេណទ្វារធំ “ទ្វារលាមក”

 

សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យពិគ្រោះតាមដានជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់

Related post