
វិធីសាស្ត្រអង្កេតទារកបៅដោះគ្រប់ឬមិនគ្រប់
ដំណើការផលិតទឹកដោះរបស់ម្តាយ
ការបៅនិងបឺតជញ្ជក់ទឹកដោះម្តាយរបស់ទារកគឺជាសញ្ញាពីធម្មជាតិដែលមានទំនាក់ទំនងទៅនិងការផលិតទឹកដោះរបស់ម្តាយ “សុដន់របស់ម្តាយនិងធ្វើការផលិតទឹកដោះច្រើនឬតិចទៅតាមតំរូវការរបស់ទារកដែលស្តែងចេញមកតាមរយៈការបឺតជញ្ជក់របស់ទារក” ក្នុងរយៈប៉ុន្មានថ្ងៃដំបូងយើងអាចសង្កេតឃើញបានថាទារកឃ្លានជាញឹកញាប់ប៉ុន្តែការផលិតទឹកដោះរបស់ម្តាយដូចជាមិនគ្រប់គ្រាន់ “ទឹកដោះចេញតិច”។ តំរូវការរបស់ទារកនេះហើយគឺជាសញ្ញាដែលបញ្ជូនទៅម្តាយដើម្បីអោយសរីរាង្គរបស់ម្តាយបង្កើនការផលិតទឹកដោះនិងបំពេញការស្រេកឃ្លានរបស់ទារក។ យើងអាចសង្កេតឃើញបានថាកំណើនការផលិតទឹកដោះរបស់ម្តាយកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ពីមយួសន្តាហ៍ទៅមួយសប្តាហ៍ និងពីមួយខែទៅមួយខែ រហូតដល់ឆ្នាំ

សញ្ញាបង្ហាញថាការបំបៅដោះបានល្អ
- ការជញ្ជក់ទឹកដោះរបស់ទារកមានរលូន “បឺត និងលេបមានរយៈពេលទៀងទាត់”
- យើងអាចសង្កេតឃើញនិងស្តាប់លឺសំលេងលេបទឹកដោះរបស់ទារក
- ទារកបន្តបៅទឹកដោះដោយស្ងៀមស្ងាត់ “ដៃនិងជើងរបស់ទារកមិនរេចុះ រេឡើង”
- ទារកបន្ទោរបងយ៉ាងហោចណាស់៣ដងក្នុងរយៈពេល24ម៉ោងបន្ទាប់ពីថ្ងៃទី5
- ទំងន់របស់ទារកកើនឡើងបន្ទាប់ពីសប្តាហ៍ដំបូង
- ម្តាយមានអារម្មណ៍ល្អ និងមិនសូវស្ងួតមាត់
- ចុងសុដន់មិនមានការឈឺចាប់ពេលទារកជញ្ជក់

ស្វែងរកការប្រឹក្សាជាមួយអ្នកជំនាញប្រសិនអ្នកជួបបញ្ហាដូចខាងក្រោម
- ទារកបៅដោះតិចជាង៨ដងក្នុងរយៈពេល24ម៉ោង
- ទារកនោមតិច “ផ្លាស់ប្តូរតិចជាង6ទៅ8ខោទឹកនោម”ក្នុងមួយថ្ងៃបន្ទាប់ពីសប្តាហ៍ដំបូង
- ទារកបន្ទោរបង់តិចជាង៣ដងក្នងរយៈពេល24ម៉ោងចាប់ពីថ្ងៃទីបួន
- លាមករបស់ទារកនៅមានពណ៌ខ្មៅបន្ទាប់ពីថ្ងៃទីបួន
- ទារកមិនសូវស្រួលខ្លួនក្រោយបំបៅដោះ
- ម្តាយមានអាការៈឈឺចាប់ក្រោយពេលបំបៅដោះឬក្នុងពេលទារកជញ្ជក់
បង្កើនទឹកដោះតាមរយៈការម៉ាស្សាដោយដៃ
- អង្គុយអោយបានត្រង់ “ឥរិយាបទដែលសមរម្យ”
- ម៉ាស្សាដោយថ្នមៗលើសុដន់
- ដាក់ដៃជាអក្សរ C ទ្រពីក្រោមសុដន់ “1អ៊ិញ ឬ ២អ៊ិញខាងក្រោមផ្នែកពណ៌ខ្មៅដែលនៅជុំវិញសុដន់”
- រុញឡើងមកលើដើម្បីជំរុញទឹកដោះ
- បន្ទាប់មក រុញម្រាមខាងក្រោមឡើងមកលើ និងសង្កត់ម្រាមខាងលើចុះទៅក្រោមព្រមគ្នា
- បន្តច្របាច់ សំរាក ច្របាច់ សំរាក អោយមានភាពទៀងទាត់

សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យពិគ្រោះតាមដានជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់