
ដំបូន្មានសំរាប់ស្ត្រីមានផ្ទៃពោះក្នុងការជ្រើសរើសគ្លីនិកសម្ភពសំរាប់ផ្ញើពោះ
វាគឺជាសំនួរដែលត្រូវបានចោទសួរដោយស្ត្រីជាម្តាយស្ទើរតែគ្រប់រូបនៅក្នុងអំលុងពេលដែលកំពុងមានផ្ទៃពោះនិងរង់ចាំថ្ងៃសម្រាល។ បើនិយាយបែបងាយស្រួល ទៅសម្រាលនៅកន្លែងណាក៍បានអោយតែគ្រូពេទ្យល្អ ប៉ុន្តែបើនិយាយអោយលំបាកបន្តិច តើធ្វើម៉េចដឹងថាគ្រូពេទ្យដែលយើងកំពុងតែផ្ញើពោះ ផ្ញើរអាយុជីវិតបុត្រាបុត្រីរបស់យើងនោះល្អឬមិនល្អ?
គន្លឺះទាំង៥ក្នុងការផ្ញើពោះប្រកបដោយសុវត្ថិភាព
- ទីតាំងរបស់គ្លីនិក៖កន្លែងផ្តល់សេវាថែទាំសុខភាពមានលក្ខណៈខុសប្លែកពីហាងលក់ទំនិញទូទៅដែលតម្រូវកន្លែងដែលមានប្រជាជនឆ្លងកាត់អ៊ូអរ ក្បែផ្សារ និងមានទីតាំងនៅកែងផ្លូវ ប៉ុន្តែកន្លែងផ្តល់សេវាថែរទាំសុខភាពទាមទាកន្លែងដែលមានសភាពមិនរញ៉េរញ៉ៃ មានផ្លូវធំទូលាយដែលងាយស្រួលក្នុងការដឹកជញ្ជូនអ្នកជំងឺដែលត្រូវការសង្គ្រោះអោយបានទាន់ពេលវេលា បន្ថែមពីលើនេះទៅទៀតប្រសិនបើគ្លីនិកនោះមានទីតាំងកាន់តែជិតផ្ទះរបស់អ្នក គឺកាន់តែប្រសើរ ។

- ប្រវត្តិនៃគុណភាពរបស់គ្លីនិក៖គ្លីនិកផ្តល់សេវាថែទាំសុខភាពទាំងអស់សុទ្ធតែប្រឈមជាមួយនិងហានិភ័យការសង្គ្រោះបរាជ័យ ប៉ុន្តែមានគ្លីនិកខ្លះបរាជ័យក្នុងការសង្គ្រោះញឹកញាប់ ចំណែកគ្លីនិកខ្លះទៀតបរាជ័យតិចតិចតួចឬមិនធ្លាប់បរាជ័យសោះក៍មាន។ មានកត្តាជាច្រើនដែលជាមូលហេតុបណ្តាលអោយការសង្គ្រោះបរាជ័យដោយនៅក្នុងនោះយើងសង្កេតឃើញមានកត្តាចំបងបី ទីមួយគឺកត្តាគុណភាពនិងសមត្ថភាពជំនាញនិងបទពិសោធន៍របស់គ្រូពេទ្យ។ កត្តាទីពីគឺការធ្វេសប្រហែសមិនបានយកចិត្តទុកដាក់តាមដានពិនិត្យពិគ្រោះសុខភាពអោយបានទៀងទាត់របស់ស្ត្រីក្នុងអំលុងពេលមានផ្ទៃពោះនិងកត្តាចុងក្រោយគឺស្ថានភាពសុខភាពរបស់ស្ត្រីផ្ទាល់ដែលស្ថិតនៅក្នុងក្រុមស្ត្រីដែលមានហានិភ័យខ្ពស់
- សម្ភារៈបរិក្ខាទ្រទ្រង់សុខភាព និងសង្គ្រោះបឋម៖ ក្រៅពីគ្រូពេទ្យមានជំនាញច្បាស់លាស់ សម្ភារៈបរិក្ខាគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការសម្រួលដល់គ្រូពេទ្យដើម្បីធ្វើការសង្គ្រោះអ្នកជំងឺអោយមានប្រសិទ្ធភាពនិងសុវត្ថិភាព។
- ក្រមសិលធម៌ និងជំនាញរបស់គ្រូពេទ្យ៖ អ្នកត្រូវចងចាំថាគ្រូពេទ្យក៍ជាមនុស្សដូចជាយើងទាំងអស់គ្នាដែរ មនុស្សគ្រប់រូបមានអត្តចរិក និងភាពទទួលខុសត្រូវពីកំណើតខុសៗពីគ្នា។ អ្នកអាចតាមដានអង្កេតពីភាពទទួលខុសត្រូវរបស់គ្រូពេទ្យដែលអ្នកមានបំណងផ្ញើពោះបានតាមរយៈការសាកសួរសំនួរផ្សេងៗដែលទាក់ទងទៅនិងសុខភាពនិងការបារម្ភរបស់អ្នក។

- បរិស្ថានជុំវិញក្រោយសម្រាល៖ មនុស្សគ្រប់គ្នាតែងតែបារម្ភអំពីសុខភាពនិងសុវត្ថិភាពមុនពេលសម្រាល និងក្នុងអំលុងពេលសម្រាល។ តើសុខភាពរបស់ស្ត្រីនិងទារកដែលទើបនិងសម្រាលរួច មានសុវត្ថិភាពហើយឬ? មិនពិតទេ ស្ត្រីប្រឈមនិងបញ្ហាសុខភាពទាំងមុនសម្រាល ក្នុងអំលុងពេលសម្រាលនិងក្រោយសម្រាល អ្នកត្រូវដឹងថាក្រោយពេលសម្រាលស្ត្រីប្រឈមនិងបញ្ហាសុខភាពជាច្រើនទៀតដែលអ្នកមិនបានចាប់អារម្មណ៍នៅក្នុងនោះមានដូចជា ការឆ្លងមេរោគក្រោយពេលសម្រាលប្រសិនជាកន្លែងដែលស្ត្រីនិងទារកសំរាក់មិនមានអនាម័យល្អ ការប្រឈមនិងបញ្ហាផ្លូវចិត្ត «ឧស្សាហ៍កើតមានលើស្ត្រីក្រោយពេលសម្រាល»ដែលបណ្តាលមកពីសំលេងរំខានមកពីក្រៅ បណ្តាលមកពីការធ្វើទុករបស់ទារក បញ្ហាសុខភាពផ្ទាល់ខ្លួនរបស់គាត់ និងបញ្ហាផ្សេងៗទៀត។ល។
ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យពិគ្រោះតាមដានជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់
