ឧស្សាហ៍ហៀរទឹកមាត់មិនឈប់ក្នុងពេលមានផ្ទៃពោះត្រូវធ្វើម៉េចទៅ?

នៅក្នុងអំឡុងពេលមានផ្ទៃពោះស្ត្រីស្ទើរតែគ្រប់រូបតែងតែធ្លាប់ជួបប្រទះនូវផលវិបាកក៍ដូចជាអាការៈរំខានមួយចំនួនដែលយើងតែងតែស្គាល់ថាជាអាការៈចាញ់គភ៌​ ទន្ទឹមនិងបញ្ហាខាងលើនេះក៍មានស្ត្រីប្រហែល2.4%និយាយថាពួកគេតែងតែហៀរទឹកមាត់មិនឈប់សោះក្នុងពេលមានផ្ទៃពោះ។តើមូលហេតុអ្វីទើបមានស្ត្រីមួយចំនួនមានអាការៈហៀរទឹកមាត់ក្នុងអំឡុងពេលមានផ្ទៃពោះជាពិសេសក្នុងត្រីមាសដំបូងតែម្តង…?

តាមការពិតអាការៈហៀរទឹកមាត់ក្នុងអំឡុងពេលមានផ្ទៃពោះនេះគឺត្រូវបានគេចាត់ចូលទៅក្នុងក្រុមនៃអាការៈចាញ់គភ៌ “គ្រាន់តែស្ត្រីភាគច្រើនមិនសូវជួបប្រទះ” ភាគច្រើនស្ត្រីជួបប្រទះជាមួយនិងអាការៈធីងធោង ឬក្អួតចង្អោរច្រៀនជាង។ មូលហេតុចំបងៗនៃបញ្ហាហៀរទឹកមាត់ក្នុងអំឡុងពេលមានផ្ទៃពោះមានដូចជា៖

  • បណ្តាលមកពីបំលាស់ប្តូររបស់អ័រម៉ូននៅក្នុងពេលមានផ្ទៃពោះ
  • ស្កាតអណ្តាតដែលបណ្តាលមកពីចាញ់គភ៌ខ្លាំងពេក
  • រលាកបំពង់អាហារ ឬរលាកកក្រពះ ឬអាស៊ីតក្រពះច្រើនពេក
  • បញ្ហារលាកអញ្ចាញ ឬរលាកក្រអូមមាត់
  • ប៉ះពាល់ជាមួយនិងសារធាតុគីមីផ្សេងៗ
  • ផលរំខានរបស់ឱសថព្យាបាលណាមួយ

បន្ទាប់ពីធ្វើការស្វែងយល់អំពីមូលហេតុដែលនាំអោយស្ត្រីហៀរទឹកមាត់ក្នុងអំឡុងពេលមានផ្ទៃពោះរួចហើយ ខាងក្រោមនេះគឺជាការណែនាំខ្លះៗដើម្បីជួយសំរួលនិងកាត់ន្ថយបញ្ហាទាំងអស់នោះ

  • ជៀសវាងទទួលទានភេសជ្ជៈដែលមានជាតិស្ករខ្ពស់
  • រក្សាអនាម័យសុខភាពមាត់ធ្មេញអោយបានទៀងទាត់
  • ទទួលទានអាហារម្តងបន្តិច និងអោយបានញឹកញាប់
  • ទទួលទានទឹកអោយបានគ្រប់គ្រាន់
  • ឧស្សាហ៍ទមពារស្ករកៅស៊ូ ឬទទួលទានអាហារសំរន់កុំអោយដាច់

សំគាល់៖ ក្នុងករណីអាការៈនិងផលរំខានដែលបណ្តាលមកពីការចាញ់គភ៌របស់អ្នកមិនបានធូរស្រាល សូមពិនិត្យតាមដាន​និងពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នក

Related post