មានដឹងអត់ថាហេតុអ្វីបានជាធ្វើតេស្តម្តងឃើញពីឆ្នូតហើយក្រោយមកទៀតឃើញតែមួយឆ្នូតទៅវិញ…?

ការធ្វើតេស្តពិនិត្យទឹកនោមដើម្បីរកមើលផ្ទៃពោះគឺជាវិធីសាស្ត្រដែលពេញនិយមនិងមានភាពងាយស្រួលដោយមិនចាំបាច់ត្រូវការជំនួយពីគ្រូពេទ្យ“ស្ត្រីអាចធ្វើតេស្តដោយខ្លួនឯងបានគ្រប់ពេលវេលា”ហើយព្រមទាំងមានតំលៃសមរម្យទៀតផង ប្រសិនជាឧបករណ៍មានពីឆ្នូតមានន័យថាស្ត្រីកំពុងមានផ្ទៃពោះហើយប្រសិនជាមានតែមួយឆ្នូតគឺមានន័យថាស្ត្រីមិនមានផ្ទៃពោះទេ។ ក៍ប៉ុន្តែមានស្ត្រីមួយចំនួនពិនិត្យឃើញពីឆ្នូតក្នុងពេលពិនិត្យដំបូងហើយថ្ងៃក្រោយមកទៀតពិនិត្យទៅបែជាឃើញតែមួយឆ្នូតទៅវិញ…តើមកពីហេតុអ្វី?

 

ឧបករណ៍ពិនិត្យផ្ទៃពោះមានផ្ទុកនូវសារធាតុសកម្មមួយចំនួនដែលមានប្រតិកម្មជាមួយនិងអរ័ម៉ូនhCGដែលមាននៅក្នុងទឹកនោមរបស់ស្ត្រី “អរ័ម៉ូនhCGនេះមានការកើនឡើងក្នុងករណីស្ត្រីមានផ្ទៃពោះ” ជាទូទៅវាចេញសញ្ញាពីឆ្នូតប្រសិនជាអរ័ម៉ូននេះមាននៅក្នុងទឹកនោមឬចេញមួយឆ្នូតប្រសិនជាអរ័ម៉ូននេះមិនមាននៅក្នុងទឹកនោមនោះទេ។ មូលហេតុដែលស្ត្រីមួយចំនួនជួបប្រទះ “ពិនិត្យឃើញពីឆ្នូតក្នុងពេលពិនិត្យដំបូងហើយថ្ងៃក្រោយមកទៀតពិនិត្យទៅបែជាឃើញតែមួយឆ្នូតទៅវិញ” អាចបណ្តាលមកពីកត្តាសំខាន់ៗមួយចំនួនដូចជា៖

ការត្រាំឧបករណ៍នៅក្នុងទឹកនោមយូរពេក៖ឧបករណ៍ភាគច្រើនមានការណែនាំអំពីវិធីប្រើប្រាស់និងរយៈពេលដែលត្រូវត្រាំនៅក្នុងទឹកនោម​ ក្នុងករណីត្រាំឧបករណ៍ពិនិត្យទឹកនោមចោលនៅក្នុងទឹកនោមរយៈពេលយូរវាក៍អាចបណ្តាលអោយមានពីឆ្នូតដោយចៃដន្យផងដែរ

ឧបករណ៍ពិនិត្យទឹកនោមខូចគុណភាព៖ឧបករណ៍ត្រូវបានចាត់ចូលទៅក្នុងក្រុមឧបករណ៍សុខាភិបាលដែលទាមទារអោយមានការទុកដាក់ឬដឹកជញ្ជូនក្នុងលក្ខណ័ដែលមានសីតុណ្ហភាពជាក់លាក់ “ស្ងួតនិងត្រជាក់”ក្នុងករណីរក្សាទុកមិនបានសមស្របនាំអោយខូចគុណភាពនិងមិនមានប្រតិកម្មជាមួយអរ័ម៉ូនhCG

ឧបករណ៍ហួសថ្ងៃកំណត់ប្រើប្រាស់៖សមាសធាតុនៅក្នុងឧបករណ៍តេស្តទឹកនោមមិនមានប្រតិកម្មជាមួយនិងអរ័ម៉ូនhCG

ការប្រើប្រាស់ឱសថព្យាបាល៖មានឧសថព្យាបាលមួយចំនួនមានឥទ្ធិពលទៅលើអរ័ម៉ូនhCG ចំពោះស្ត្រីដែលស្ថិតនៅក្នុងដំណាក់កាលព្យាបាលឬកំពុងប្រើប្រាស់ឱសថទាំងនោះវាក៍អាចធ្វើអោយលទ្ធផលមិនត្រឹមត្រូវដូចគ្នា

រលូតភ្លាមៗក្រោយពេលបង្កកំណើត៖មានស្ត្រីមួយចំនួនប្រឈមនិងការរលូតទៅវិញយ៉ាងឆាប់រហ័សដែលជាមូលហេតុនៃការពិនិត្យទឹកនោមម្តងឃើញពីឆ្នូត ហើយក្រោយមកទៀតឃើញមានតែមួយឆ្នូត

អរ័ម៉ូនhCGដែលនៅសល់ក្រោយពេលសំរាលឬរលូតដោយចៃដន្យ៖ក្រោយពេលសំរាលឬរំលូតឬរលូត កំរិតអរ័ម៉ូនhCGនៅក្នុងខ្លួនស្ត្រីនៅតែបន្តមានរហូតដល់6សប្តាហ៍ទៅ8សប្តាហ៍ទើបបាត់ទៅវិញ “នេះក៍ជាមូលហេតុមួយដែលធ្វើអោយមានការយល់ច្រលំអំពីលទ្ធផលម្តងពីឆ្នូត​និងក្រោយមកទៀតឃើញតែមួយឆ្នូតដូច្នេះដែរ”

 

ស្ត្រីនៅក្នុងអំឡុងពេលមានផែនការមានផ្ទៃពោះ កំពុងមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យពិគ្រោះតាមដានជាមួយគ្រូពេទ្យជំនាញដែលនៅក្បែរអ្នកនិងទទួលទានអាហារូបត្ថម្ភជំនួយនិងរក្សាគភ៌អោយបានទៀងទាត់

Related post